Tuesday, January 28, 2014

នៅចិន ជំងឺ​ផ្តាសាយ​បក្សី​បង្ក​ដោយ​វីរុស H7N9 កំពុងផ្ទុះ និង​រីកសាយ​ភាយ​ជា​ច្រើន​ខេត្ត

ប្រភពមកពី:    lookingtoday: ​ ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ថា ជំងឺផ្តាសាយបក្សី ដែលបង្កឡើងដោយវីរុស ឈ្មោះ H7N9 កំពុងតែផ្ទុះ និងបន្តរីកសាយភាយ យ៉ាងរហ័សនៅ តាមបណ្តាខេត្តជាច្រើន នៅក្នុងប្រទេសចិន ។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ នៅក្នុងប្រទេសចិន បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ ជំងឺផ្តាសាយបក្សី បានបង្កឲ្យមានមនុស្សស្លាប់ អស់ចំនួន១៩នាក់ហើយ ហើយអ្នកដែលឆ្លងជំងឺនេះ បានកើនឡើង៩៦នាក់ ។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា នៅតាមបណ្តាក្រុង មួយចំនួនដូចជាៈ ហង់ស៊ូ នីងបូ និងជីនហួ ដែលស្ថិតនៅ ភាគខាងកើតខេត្ត Zhejiang ជំងឺផ្តាសាយបក្សីបង្ក ដោយវីរុសខាងលើឆ្លង មកមនុស្សប្រមាណ ៤៩នាក់ ក្នុងនោះមាន ១២នាក់បានបាត់បង់ជីវិត គិតនៅក្នុងឆ្នាំ នេះ ។ បន្ទាប់ពីមានករណី នេះកើតឡើង កសិដ្ឋានចិញ្ចឹមបក្សីមួយចំនួន នៅក្នុងតំបន់ផ្ទុះជំងឺ ត្រូវបានធ្វើការ បោសសំអាតជាបន្ទាន់ និងបាន ត្រួតពិនិត្យអំពីករណី ឆ្លងជំងឺដែលបង្ក ឡើងដោយពពួកបក្សីព្រៃ មកចូលក្នុងតំបន់ផងដែរ ។
នៅក្នុងក្រុងសៀងហៃ ដែលស្ថិតនៅជិតតំបន់ ខាងលើបានរាយការណ៍មកថា ក៏មានករណីផ្ទុះ នឹងឆ្លងជំងឺខ្លាំងក្លាដែរ ដោយក្នុងចំណោមអ្នក ឆ្លងជំងឺ៨នាក់ គឺមាន៤នាក់ បានបាត់បង់ជីវិត នៅក្នុងខែមករានេះ ។
អាជ្ញាធរនៅក្នុងតំបន់ កំពុងចាត់វិធានការណ៍ ទប់ស្កាត់ការរីកសាយភាយ នូវវីរុសបង្កជំងឺនេះ ដើម្បីបញ្ចៀសការឆ្លង ចូលទៅកាន់តំបន់ផ្សេងៗ ទៀត និងបន្តតាមដានការផ្ទុះ នៅតំបន់ផ្សេងៗទៀត ។
បើតាមរបាយការណ៍ ក៏បានបញ្ជាក់ថា នៅខេត្ត ក្វាងដុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក៏មានករណីផ្ទុះ ជំងឺផ្តាសាយបក្សី ដែលបង្កឡើង ដោយវីរុស H7N9 ដែរ ដោយមានរហូតដល់ ២៦ករណី ហើយបានបង្កឲ្យមាន អ្នកស្លាប់ចំនួន ៤នាក់ផងដែរ គិតក្នុងខែមករានេះ៕

0 comments:

Post a Comment