ប្រភពមកពី៖.khmerload
http://www.khmerload.com/news/35657
ខេត្តព្រៃវែង ៖ សំឡេងទ្រហោយំ លាន់លឺយ៉ាងកងរំពង ពីសំណាក់ក្រុមគ្រួសារ
របស់យុវសិស្ស ម្នាក់រៀនថ្នាក់ ទី១២ វិទ្យាល័យហ៊ុន សែន តាគោក ដែលបានស្លាប់
ដោយសារ លង់ទឹកប្រឡាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកផុន ហម និងអ្នកស្រីឡោ គឹមអាន ត្រូវជាឪពុក-ម្តាយ ជនរងគ្រោះ បានរៀបរាប់
ប្រាប់អ្នកយកព័ត៌មាន កោះសន្តិភាព ថា ជនរងគ្រោះ ឈ្មោះផុន ស៊ីវឡុង ភេទប្រុស
អាយុ២១ឆ្នាំ ត្រូវជាកូនប្រុសពៅ របស់ពួកគាត់ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន
សែន តាគោក បានលង់ទឹកប្រឡាយ ជម្រៅ១,៣០ម៉ែត្រស្លាប់ កាលពីវេលា ម៉ោង១១
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។ លោកផុន ហម រៀបរាប់ ទាំងអួលដើម.កថា តាំងពីតូច
មានតែកូនប្រុសពៅ ម្នាក់នេះទេ ដែលរៀនពូកែជាងគេ ក្នុងចំណោមបង ប្អូន៥នាក់
ដូច្នេះហើយ គាត់មិនសូវឱ្យ ជួយធ្វើស្រែ ឬរកស៊ីអ្វីនោះទេ គឺឱ្យគិតតែខំរៀន
តែម្យ៉ាងប៉ុណ្ណោះ ។
ឪពុកជនរងគ្រោះ បានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ម្តាយបានប្រើ ជនរងគ្រោះ
ឱ្យយកបាយម្ហូប ទៅឱ្យគាត់ ដែលជាឪពុក កំពុងភ្ជួរ-រាស់ នៅឯស្រែ ស្ថិតក្នុងភូមិ
កំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ។ ក្រោយពីយក បាយ-ម្ហូប ទៅឱ្យឪពុករួច
ជនរងគ្រោះ ក៏បានជួយលី ពូជស្រូវ ទម្ងន់១ថាំង (២៤គីឡូក្រាម) យកទៅឱ្យ ឪពុកទៀត
ខណៈនោះ គាត់ជាឪពុក ក៏បានប្រាប់ ទៅកូនថា បានហើយ កូនត្រឡប់ ទៅផ្ទះវិញចុះ
កុំចាំបាច់ ជួយធ្វើការពុកអី ។
លោកផុន ហម បានបន្តទៀតថា ក្រោយពី ភ្ជួរ-រាស់ សាប-ព្រួស រួចក៏ហូបបាយ
ហើយក៏សម្រាក នៅវាលស្រែ បន្តិចក៏បានធ្វើដំណើរ ត្រឡប់មកផ្ទះវិញ លុះមកដល់
មាត់ប្រឡាយ ក៏ប្រទះឃើញ ស្បែកជើង របស់កូន គាត់ឆ្ងល់ណាស់ ក៏ទូរស័ព្ទ
ទៅសួរអ្នកផ្ទះ អ្នកផ្ទះ ក៏ឆ្លើយប្រាប់ថា មិនទាន់ឃើញ កូនប្រុសពៅ របស់គាត់
ត្រឡប់មកផ្ទះ វិញទេ ។ ខណៈនោះ គាត់ភ័យណាស់ ក៏ចុះទៅរាវ ក្នុងប្រឡាយ
ដែលមានទំហំ ៣ម៉ែត្រគុណ ២ម៉ែត្រ ជម្រៅប្រហែល ១,៣០ម៉ែត្រនោះ ក៏ប្រទះឃើញ
កូននៅបាតប្រឡាយ ហើយលើកយកមក ជួយធ្វើចលនា ដើម្បីជួយសង្គ្រោះ តែអនិច្ចា
ហួសពេលទៅហើយ ព្រោះកូនប្រុសពៅ របស់គាត់ បានស្លាប់ បាត់ទៅហើយ ។
សមត្ថកិច្ច បានធ្វើកោសលវិច្ច័យ រួចរាល់ ហើយក៏បាន បញ្ជាក់ថា ជនរងគ្រោះ
ឈ្មោះផុន ស៊ីវឡុង ពិតជាស្លាប់ ដោយសារលង់ទឹក ប្រឡាយមែន ព្រោះមិនចេះហែលទឹក ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
Monday, March 2, 2015
យុវសិស្សថ្នាក់ទី១២វិទ្យាល័យ ហ៊ុន សែន តាគោក លង់ទឹកប្រឡាយស្លាប់
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment